តើសិស្សពូកែគាត់មានរបៀបរៀនដូចម្តេចទើបទទួលជោគជ័យ?
សូមអានការចែករម្លែកបទពិសោធន៍សិក្សាដូចខាងក្រោម៖
By: Cambomaths Teamយុវជន កាំង ស៊ីញលី គឺជាសិស្ស មកពីសាលាប៊ែលធីអន្ដរជាតិសាខាទី ៥ ច្បារអំពៅ ដែលមានឪពុកម្ដាយជាអាជីវករលក់ដូរ នៅផ្សារច្បារអំពៅ ព្រមទាំងជាកូនពៅ នៅក្នុងគ្រួសារ ដែលមានបងប្អូនពីរនាក់។
កាំង ស៊ីញលី គឺជាយុវសិស្ស ដែលមានភាពក្លាហាន រហ័សរហួនរវៀសរវៃ និងមានអត្តចរិតរួសរាយរាក់ទាក់គួរឲ្យចង់រាប់អាន។ បុគ្គលិកលក្ខណៈទាំងអស់នេះ គឺជាកត្ដារួមផ្សំយ៉ាងសំខាន់ នៅក្នុងចំណោមចំណេះដឹង ដែលយុវជនរូបនេះ ខិតខំប្រឹងប្រែងក្រេបជញ្ជក់បាន ហើយវាជាធាតុស្នូលដ៏សំខាន់ ដែលលើកកម្ពស់ឱ្យ កាំង ស៊ីញលី មានសមត្ថភាពប្រឡងជាប់និទ្ទេស A នៅក្នុងលំដាប់ពិន្ទុ ១០០ គួរឲ្យកើតសរសើរ ក្នុងចំណោមសិស្សនិទ្ទេស A ៤០៥ នាក់ និងក្នុងចំណោមបេក្ខជនប្រឡងចំនួន ៩១,០៥១ នាក់។លទ្ធផលគួរឲ្យស្ញប់ស្ញែងនេះ មិនកើតចេញពីអ្វី ក្រៅអំពីការខិតខំប្រឹងប្រែងខ្លួនឯង ការលើកទឹកចិត្ដពីសំណាក់មាតាបិតា និងការជ្រោមជ្រែងបង្ហាត់បង្រៀន ពីសំណាក់លោកគ្រូ អ្នកគ្រូនោះទេ។ វាជាផលតបស្នងដ៏មានតម្លៃ និងគួរជាទីមោទនភាពសម្រាប់ កាំង ស៊ីញលីខ្លួនឯង សម្រាប់គ្រួសារ និងលោកគ្រូ អ្នកគ្រូដែលបានខិតខំបង្វឹកបង្ហាត់ ហើយវា ក៏គឺជាការសាងកិត្ដិយសសម្រាប់សង្គមជាតិផងដែរ ដែលយុវសិស្សជំនាន់ក្រោយៗគួរតែយកគំរូតាម។
ស្របពេលក្រសួងអប់រំកម្ពុជា បាននឹងកំពុងយកចិត្ដទុកដាក់ខ្ពស់លើប្រព័ន្ធអប់រំ ក៏ដូចជារឹតបន្ដឹងទៅលើការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ជារៀងរាល់ឆ្នាំនោះ យុវសិស្ស កាំង ស៊ីញលី បានខិតខំប្រឹងប្រែងរៀនសូត្រមិនសំចៃពេលវេលាឡើយ។ នៅពេលសួរថា តើ ស៊ីញលី បានត្រៀមលក្ខណៈបែបណាខ្លះ មុនពេលចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦ កន្លងទៅនេះ យុវជនរូបនេះ បានលើកឡើងថា រូបគេបានត្រៀមខ្លួនឲ្យរួចជាស្រេចសម្រាប់ការប្រឡង តាំងពីរៀននៅថ្នាក់ទី ១១ មកម្ល៉េះ ដោយសិស្សរូបនេះ បានខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្ដទុកដាក់ក្នុងការអនុវត្ដលំហាត់ពិបាកៗ ក៏ដូចជាព្យាយាមអានសៀវភៅឲ្យបានច្រើន ដើម្បីយល់ដឹងអំពីគន្លឹះសំខាន់ៗ នៃការធ្វើលំហាត់ និងការឆ្លើយសំណួរផ្សេងៗ។

នៅពីក្រោយភាពជោគជ័យ ក្នុងការសិក្សារបស់ ស៊ីញលី នេះ មាននូវកត្ដាជំរុញលើកទឹកចិត្ដមួយចំនួន ដែលជាបច្ច័យដ៏មានប្រសិទ្ធភាព និងមានតម្លៃមិនអាចខ្វះបាន ដែលតែងតែផ្ដល់កម្លាំងចិត្ដដល់រូបគេឲ្យបន្ដការព្យាយាមឱហាតសិក្សាមិនចេះជិនណាយ។ យុវសិស្សរូបនេះ បានបញ្ជាក់ឲ្យដឹងថា រូបគេអាចនឹងបន្ដការព្យាយាមសិក្សារហូតបានលទ្ធផលល្អ ដូចបំណងប្រាថ្នានេះ គឺអាស្រ័យដោយកត្ដាសំខាន់ៗ ៤ យ៉ាងគឺ៖
*ទី១ គឺកតា្ដខ្លួនឯង៖ ដោយ ស៊ីញលី សង្កត់ធ្ងន់លើកត្ដាខ្លួនឯងថា ក្នុងនាមជាសិស្ស រូបគេបានរៀបចំគោលដៅដើម្បីសិក្សាឲ្យមានប្រសិទ្ធភាព ខិតខំប្រឹងប្រែងរៀនសូត្រប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់ មានជំនឿចិត្ដលើខ្លួនឯងថា ខ្លួនប្រាកដជាអាចធ្វើបានល្អក្នុងពេលប្រឡង និងដល់ព្រមដោយការថែទាំសុខភាពខ្លួនឯងឲ្យបានល្អផងដែរ។
*ទី២ គឺកត្ដាគ្រួសារ៖ សម្រាប់ឪពុកម្ដាយ និងសាច់ញាតិរបស់ ស៊ីញលី ពួកគាត់តែងផ្គត់ផ្គង់ និងផ្ដល់ឱកាសឱ្យរូបគេគ្រប់គ្រាន់ ក្នុងការសិក្សា ព្រមទាំងផ្ដល់ការមើលថែទាំយ៉ាងយកចិត្ដទុកដាក់ ក៏ដូចជាផ្ដល់ការលើកទឹកចិត្ដឲ្យរូបគេខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបាននិទ្ទេស A នេះ។
*ទី៣ គឺកត្ដាថ្នាលបណ្ដុះបណ្ដាល៖ សម្រាប់កត្ដាសាលារៀន នេះ កាំង ស៊ីញលី បានលើកសរសើរថា ឯកឧត្ដម លីឆេង ដែលជាអគ្គនាយកប៊ែលធីគ្រុប (Beltei Group) លោកតែងបង្កើតកម្មវិធីថ្នាក់សិក្សាពិសេសនៅតាមសាខានានា ដើម្បីផ្ដល់ការបំប៉ននៅថ្ងៃចុងសប្ដាហ៍បន្ថែម ម្យ៉ាងទៀតគណៈគ្រប់គ្រងសាលា តែងបង្កើតកម្មវិធីប្រកួតប្រជែងផ្សេងៗ និងផ្ដល់អាហារូបករណ៍ដល់សិស្សឆ្នើម ដែលជំរុញលើកទឹកចិត្ដ ស៊ីញលី ឲ្យខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបាននិទ្ទេស A។ ម្យ៉ាងទៀត ខាងគណៈគ្រប់គ្រងសាលាដូចជា នាយក នាយករង លោកតែងអប់រំទូន្មានប្រៀនប្រដៅអំពី ការអភិវឌ្ឍធនធានមនុស្សតាមរយៈវិស័យអប់រំ ក៏ដូចជាដាស់តឿនក្រើនរំលឹកដល់ ស៊ីញលី និងសិស្សានុសិស្សដទៃទៀតឲ្យខិតខំប្រឹងប្រែងរៀនសូត្រ។ ចំណែក លោកគ្រូ អ្នកគ្រូនៅសាលា Beltei អន្ដរជាតិ ពួកគាត់មានគរុកោសល្យ ក្នុងការបង្រៀនខ្ពស់ ហើយពួកគាត់មានសមត្ថភាពគ្រប់គ្រាន់សម្រាប់បង្រៀនសិស្សឲ្យឆាប់យល់ ក៏ដូចជាស្វែងយល់អំពីលំហាត់ផ្សេងៗដោយខ្លួនឯងបាន។
*ទី៤ គឺកត្ដាសង្គម៖ ត្រង់ចំណុចនេះ យុវសិស្ស កាំង ស៊ីងលី បានលើកឡើងថា ដោយសារខាងក្រសួងអប់រំ មានការធ្វើកំណែទម្រង់ទៅលើការប្រឡង ដោយចាត់វិធានការមិនឲ្យមានការប្រព្រឹត្ដអំពើពុករលួយ ឬការលួចចម្លងតាមគ្នា ហើយខាងក្រសួង បានលើកឡើងនូវគោលការណ៍មួយថា” អ្នកចេះ គឺជាប់” ដែលកត្ដានេះ ជាមូលហេតុជំរុញលើកទឹកចិត្ដ ស៊ីញលី ឲ្យមានកម្លាំងចិត្ដ និងមានភាពជឿជាក់ នៅក្នុងការសិក្សា ក៏ដូចជាមានមោទនភាពក្នុងការប្រឡង។

ចំពោះការរៀនបំពេញបន្ថែម លើមុខវិជ្ជាផ្សេងៗ ដែលនៅខ្វះចន្លោះនៅឡើយ មុនពេលប្រឡង យុវសិស្ស កាំង ស៊ីញលី បានបង្ហើបឲ្យដឹងថា រូបគេរៀនពូកែលើមុខវិជ្ជា ជីវវិទ្យា និងគីមីវិទ្យា ដូច្នេះ រូបគេកាត់បន្ថយការរៀនលើមុខវិជ្ជាទាំងពីរនេះ ហើយយកចិត្ដទុកដាក់លើមុខវិជ្ជា ដែលនៅខ្វះចន្លោះនៅឡើយដូចជាមុខវិជ្ជា គណិតវិទ្យា និងរូបវិទ្យា ហើយម្យ៉ាងទៀតដោយសារ ស៊ីញលី រៀនខាងវិទ្យាសាស្ដ្រពិត ដូច្នេះមុខវិទ្យាអក្សរសាស្ដ្រខ្មែរ ក៏ដូចជាប្រវត្ដិវិទ្យា ស៊ីញលី មិនបានរៀនច្រើនដូចមុខវិជ្ជាដទៃទៀតនោះទេ ដែលជាហេតុធ្វើឲ្យយុវសិស្សរូបនេះ ត្រូវខិតខំអានសៀវភៅឲ្យបានច្រើនជាងមុន ដើម្បីស្វែងយល់ពីប្រវត្ដិសាស្ដ្រផ្សេងៗ និងដើម្បីជាទុនជំនួយនៅពេលប្រឡង។
ចំណែកវិធីសាស្ដ្រ ក្នុងការរៀនឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ស៊ីងលី បានលើកឡើងថា រូបគេបានអនុវត្ដការរៀនតាមអង្គទាំងបួននៃការសិក្សា គឺ(សុ ចិ បុ លិ)។ ម្យ៉ាងទៀត នៅក្នុងថ្នាក់រៀន យុវសិស្សរូបនេះ តែងព្យាយាមយកចិត្ដទុកដាក់ និងផ្ចង់អារម្មណ៍ស្ដាប់គ្រូពន្យល់ ពោលគឺមិនបែកអារម្មណ៍ទៅគិតរឿងផ្សេង នៅពេលគ្រូកំពុងពន្យល់នោះឡើយ ហើយសេពគប់មិត្ដភក្ដិ ដែលខិតខំប្រឹងប្រែងរៀនសូត្រ និងមិនសេពគប់មិត្ដភក្ដិណា ដែលនាំខ្លួនទៅប្រព្រឹត្ដអំពើមិនល្អនោះទេ។
លើសពីនេះទៀត ស៊ីងលី តែងខិតខំអានសៀវភៅ និងអនុវត្ដលំហាត់ជាច្រើន ព្រោះរូបគេយល់ថា ការអនុវត្ដលំហាត់ឲ្យបានច្រើនធ្វើឲ្យយើងយល់ដឹងពីគន្លឹះនៃការធ្វើលំហាត់ក៏ដូចជា អាចធ្វើលំហាត់ជាច្រើនផ្សេងៗទៀតផងដែរ។ សម្រាប់ការបែងចែកពេលវេលាវិញ ស៊ីញលី លើកឡើងថា មិនត្រូវដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកនោះទេ ដោយយើងគ្រាន់តែចងចាំ នៅក្នុងចិត្ដថា យើងនឹងអនុវត្ដបែបនេះជារៀងរាល់ថ្ងៃ ឧបមាដូចជា ពេលព្រឹកយើងត្រូវទៅសាលារៀន ហើយអាចរៀនគួរបន្ថែម នៅតាមម៉ោង ដែលយើងទំនេរអាចរៀនបាន ព្រមទាំងយើងហាត់រៀនបន្ថែមនៅពេលយប់ដូចជា មុនពេលចូលគេង យើងអាចចំណាយពេលពី ៣ ទៅ ៤ ម៉ោងដើម្បីធ្វើលំហាត់ក៏ដូចជា អានសៀវភៅផ្សេងៗជាដើម។
ការប្រឡងបាក់ឌុប តែងធ្វើឲ្យសិស្សស្ទើរគ្រប់គ្នាមានការរន្ធត់ចិត្ដ និងភ័យ ព្រមទាំងអាចធ្វើឲ្យគាត់ភ្លេចមេរៀន ដែលខ្លួនចេះទៀតផង។ ត្រង់ចំណុចនេះ ស៊ីញលី បានប្រាប់ថា នៅពេលដែលយើងភ័យ យើងអាចមានការភ្លេចភ្លាំងនូវមេរៀន ឬគន្លឹះធ្វើលំហាត់ផ្សេងៗបាន ប៉ុន្ដែយុវសិស្សរូបនេះយល់ថា ការគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ គឺកើតចេញពីការផ្ដល់ក្ដីសង្ឃឹមឲ្យខ្លួនឯងថា យើងអាចធ្វើបាន ដូច្នេះយើងនឹងមានភាពជឿជាក់ និងមានអារម្មណ៍រីករាយ អំឡុងពេលប្រឡង។ ម្យ៉ាងទៀតយើងគួរខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រដោយខ្លួនឯង ដើម្បីផ្ដល់ភាពជឿជាក់ថា យើងនឹងប្រឡងជាប់ ពីព្រោះថា វិញ្ញាសារប្រឡង គឺត្រូវបានកំណត់ទៅតាមសមត្ថភាពរបស់សិស្ស ដូច្នេះនៅពេលដែលយើងខិតខំប្រឹងប្រែងឲ្យមានសមត្ថភាពខ្លួនឯង យើងនឹងអាចធ្វើវិញ្ញាសាហ្នឹងបាន ដែលជាហេតុមិនធ្វើឲ្យយើងរងសម្ពាធថា ខ្លួននឹងប្រឡងធ្លាក់នោះទេ។ លើសពីនេះទៀត យើងគួរហាត់រៀនសរសេរអក្សរឲ្យបានស្អាត និងលឿន ដើម្បីឆ្លើយតបនឹងពេលវេលា ដែលបានកំណត់សម្រាប់វិញ្ញាសាប្រឡងនីមួយៗ។
ក្រោយការប្រឡងមធ្យមសិក្សាទុតិយភូមិជាប់ យុវសិស្ស កាំង សីងលី បានកំណត់គោលដៅសម្រាប់ខ្លួនឯងថា រូបគេនឹងរៀនបន្ដថ្នាក់បរិញ្ញាបត្រ លើមុខសិល្បៈមនុស្សសាស្ដ្រ និងអប់រំភាសាអង់គ្លេស នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើមុខវិជ្ជាវិស្វកម្មជីវសាស្ដ្រ ព្រមទាំងមានគោលបំណងដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សា នៅក្រៅប្រទេស ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រផងដែរ។
ជាចុងក្រោយ យុវសិស្ស កាំង ស៊ីញលី បានផ្ដល់ជាសារផ្ដាំផ្ញើដល់សិស្សានុសិស្សជំនាន់ក្រោយៗទៀតថា ត្រូវខិតខំប្រែងរៀនសូត្រ ព្រោះមានតែការខិតខំប្រឹងប្រែងរៀនសូត្រទេ ដែលជាជំនួញមួយជួយឲ្យយើងអាចប្រឡងនូវសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបជាប់ ហើយសូមលះបង់នូវភាពខ្ជិលច្រអូស ព្រមទាំងមិនត្រូវចូលរួម ក្នុងអំពើអបាយមុខផ្សេងៗនោះទេ និងត្រូវព្យាយាមចាប់យកឱកាសដោយខ្លួនឯង កុំរង់ចាំឲ្យឱកាសរត់មករកយើងនោះ៕
រក្សាសិទ្ធិដោយ៖ ចែករម្លែក